ជីវប្រវត្តិ​និង​សកម្មភាព​ការងារ​របស់​អ្នកស្រី ពុង ឈីវកេក

on Wednesday, July 30, 2014 - No comments :

ពុង ឈីវកេក ៦១០
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣។
Photo: RFA
ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក ដែល​ទើប​ព្រម​ទទួល​យក​តួនាទី​ជា​សមាជិក​ទី​៩ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប) ដែល​នឹង​ត្រូវ​បង្កើត​នៅ​ពេល​ខាង​មុខ​នេះ រំពឹង​ថា នឹង​អាច​ធ្វើការ​ដោយ​ឯករាជ្យ ពុំ​មាន​ការ​ជ្រៀតជ្រែក​ពី​ភាគី​ណា​មួយ​ឡើយ។ ស្រប​គ្នា​នេះ​អ្នកស្រី​ត្រៀម​ជា​ស្រេច​ថា នឹង​លា​ឈប់​ពី​ស្ថាប័ន​មួយ​នេះ​ប្រសិន​បើ​អ្នកស្រី​មិន​អាច​ធ្វើការ​ដោយ​ឯករាជ្យ​បាន។

តើ​អ្នកស្រី ពុង ឈីវកេក មាន​បទពិសោធន៍​អ្វី​ខ្លះ? តើ​មូលហេតុ​អ្វី​ខ្លះ​ទើប​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​ការ​បង្កើត គ.ជ.ប ថ្មី?
ក្នុង​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ ដែល​អ្នកស្រី ពុង ឈីវកេក បាន​ចំណាយ​ពេល​វេលា​ជា​មួយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ឬ​ហៅ​ថា លីកាដូ (LICADHO) ដោយ​បំពេញ​តួនាទី​ជា​ប្រធាន​អង្គការ​នេះ នៅ​មុន​ពេល​ដែល​អ្នកស្រី​ត្រូវ​ស្នើ​អោយ​ធ្វើ​ជា​សមាជិក​ទី​៩ នៃ គ.ជ.ប។
អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា នេះ​ជា​ពេលវេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់​អ្នកស្រី ដែល​អ្នកស្រី​ត្រូវ​តែ​សម្រេច​ចិត្ត​ទទួល​យក​សំណើ​របស់​គណបក្ស​នយោបាយ​ទាំង​២ ដោយ​សង្ឃឹម​ថា នឹង​អាច​បំពេញ​កិច្ចការ​ជួយ​ជាតិ។ យ៉ាង​នេះ​ក្ដី​អ្នកស្រី​ក៏​កំពុង​មាន​ក្ដី​បារម្ភ​មួយ​ចំនួន​ដែរ៖ «អ្នក​ដែល​ថ្កោល​ទោស​យើង អ្នក​ដែល​ឃ្លាំ​មើលយើង ជា​ប្រជាពលរដ្ឋ​ខ្មែរ ឥឡូវ​ច្រើន​គ្នា​ណាស់​​​ គាត់​បារម្ភ​ណាស់​រឿង​បោះឆ្នោត។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​សង្ឃឹម​ថា អ្នក​ទាំង ៨​នាក់ ខ្ញុំ​មួយ​ទៀត​ជា ​៩​នាក់​ហ្នឹង យើង​ត្រូវ​តែ​ទទួល​ការ​ថ្កោលទោស​​​ពី​ប្រជាពលរដ្ឋ​ហើយ បើ​យើង​ធ្វើ​កិច្ចការងារ​យើង​មិន​ត្រឹមត្រូវ​ មិន​អព្យាក្រឹត មិន​ឯករាជ្យ»
ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ព្រមព្រៀង​ស្នើ​អ្នកស្រី ពុង ឈីវកេក ក្នុង​នាម​បុគ្គល​ឯករាជ្យ​របស់ គ.ជ.ប ដែល​មិន​ទាន់​ដឹង​អោយ​ប្រាកដ​នៅ​ឡើយ​ទេ​ថា អាច​ទៅ​ជា​ប្រធាន គ.ជ.ប ឬ​យ៉ាង​ណា​នោះ។
ចំពោះ​អ្នកស្រី ពុង ឈីវកេក មក​ដល់​ពេល​នេះ​នៅ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​អាច​ធ្វើ​អោយ គ.ជ.ប មាន​ដំណើរការ​ដោយ​ឯករាជ្យ ឬ​យ៉ាង​ណា។ ម្យ៉ាង​ទៀត​អ្នកស្រី​ពុំ​បាន​លា​ឈប់​ពី​ប្រធាន​អង្គការ​ទាំងស្រុង​ទេ គឺ​អ្នកស្រី​គ្រាន់​តែ​ព្យួរ​ការងារ​មួយ​រយៈ។ ប៉ុន្តែ​អ្នកស្រី​បាន​ប្ដេជ្ញា​ចិត្ត​ទុក​ជា​មុន​ចំពោះ​កិច្ចការ​នេះ៖«សមាជិក​របស់​លីកាដូ ទាំង​អស់​អត់​មាន​នរណា​មួយ​​ថា មិន​អោយ​​ខ្ញុំ​​ចូល​ទេ។ទាំង​អស់​គ្នា​សុំ​អោយ​ខ្ញុំ​សម្រេច​ចិត្ត ហើយ​មិន​អោយ​ខ្ញុំ​លាលែង​ឈប់​ពី​តំណែង​ប្រធាន​ទេ សុំ​អោយ​ព្យួរ​ការងារ​តែ​មួយ​រយៈ​ទេ។ តំណែង​របស់​ខ្ញុំ​ជា​ប្រធាន​នេះ មិន​អោយ​មាន​នរណា​មក​ជំនួស​ទេ»
រំលឹក​ពី​ជីវប្រវត្តិ​អ្នកស្រី ពុង ឈីវកេក ជា​កើត​នៅ​ឆ្នាំ​១៩៤២ ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​អភិជន​ដែល​មាន​កូនស្រី ២​នាក់។ ឪពុក​ឈ្មោះ ពុង ប៉េងចេង ធ្លាប់​ជា​គ្រូបង្រៀន ដែល​ក្រោយ​មក​បាន​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។ ម្ដាយ​ឈ្មោះ ស៊ីវ អេងតុង ជា​គ្រូបង្រៀន​ដែរ ក្រោយ​មក​ជា​តំណាងរាស្ត្រ​ស្ត្រី​ទី១ ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល។
អ្នកស្រី ពុង ឈីវកេក បាន​រៀន​ចប់​វិជ្ជា​ពេទ្យ​ពី​ប្រទេស​បារាំង និង​បាន​រៀបការ​លើក​ទី​១ នៅ​ទី​នោះ មុន​ពេល​វិល​មក​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ អ្នកស្រី​មាន​កូន​ស្រី ២​នាក់​ជាមួយ​ស្វាមី​ទី១​ជា​ជនជាតិ​បារាំង​នោះ មាន​ឈ្មោះ ណាលី ពូឡូក (Naly Pilorge) បច្ចុប្បន្ន​ជា​នាយិកា​អង្គការ​លីកាដូ និង រ៉ូជិន ពីឡូក (Rozenn Pilorge)។ អ្នកស្រី​បាន​រៀបការ​ម្ដង​ទៀត​កាល​ពី​ឆ្នាំ​១៩៧៣ ជា​មួយ​មន្ត្រី​ទូត​បារាំង។ អ្នកស្រី​មាន​កូន​ស្រី​ម្នាក់​ទៀត ឈ្មោះ អីវ៉ា ហ្គាឡាប្រ៊ូ (Eva Galabru)។ បច្ចុប្បន្ន​អ្នកស្រី ជា​ស្ត្រី​មេម៉ាយ​បន្ទាប់​ពី​ប្ដី​បាន​អនិច្ចកម្ម។
អ្នកស្រី​ធ្លាប់​ទៅ​តាម​ប្ដី​ដែល​ជា​មន្ត្រី​ទូត​បារាំង​នោះ​រស់នៅ​តាម​ប្រទេស​មួយ​ចំនួន​ចាប់​តាំង​ពី​រៀប​ការ​រួច។ រវាង​ចុង​ទសវត្ស​ទី​៨០ អ្នកស្រី​បាន​ផ្ដួចផ្ដើម​គំនិត​អោយ​កម្ពុជា រក​ឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ខ្មែរ​និង​ខ្មែរ​កាល​ពី​ឆ្នាំ​១៩៩១។
អ្នកស្រី ពុង ឈីវកេក បាន​ចាត់​ទុក​បទ​ពិសោធន៍​ក្នុង​ការរៀបចំ​អោយ​មាន​ការ​ជួប​ចរចា​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​កាល​ពី​អតីតកាល​នោះ​ថា ជា​បទពិសោធន៍​ដែល​ជំរុញ​ទឹក​ចិត្ត​អ្នកស្រី​អោយ​ចង់​ធ្វើ​កិច្ចការ​សម្រាប់ គ.ជ.ប នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៖ «ខ្ញុំ​ថា ខ្ញុំ​ចូល​មក​នេះ​គឺ​អត់​មាន​បំណង​អីក្រៅ​ពី​បម្រើ​ប្រជាពលរដ្ឋ​​ បម្រើ​ប្រទេស​ជាតិ​យើង ដើម្បី​អោយ​ គ.ជ.ប ហ្នឹង​ធ្វើ​កិច្ចការងារ​​បាន​ល្អ អោយ​បោះ​ឆ្នោត​លើក​ក្រោយ​មាន​សេរី ហើយ​យុត្តិធម៌​ពិត​ប្រាកដ អោយ​ភាគ​ច្រើន​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​យើង​បង​ប្អូន​អាច​ទទួល​យក​បាន។ ខ្ញុំ​នឹង​ធ្វើ​អោយ​អស់​ពី​សមត្ថភាព បើ​ធ្វើ​មិន​បាន មនុស្ស​យើង​មិន​មែន​ទេវតាទេ អ៊ីចឹង​មាន​ចំណុច​ខ្លាំង ចំណុច​ខ្សោយ បើ​ខ្ញុំ​ហើយ​យក​ចំណុច​ខ្លាំង​របស់​ខ្ញុំ​ទៅ​ធ្វើ​មិន​ចេញ ខ្ញុំ​មាន​មធ្យោបាយ​មួយ​ទៀត គឺ​ខ្ញុំ​នឹង​ចេញ ព្រោះ​ខ្ញុំ​សុំ​ជម្រាប​ថា ខ្ញុំ​អត់ចង់​បាន​តួនាទី​ហ្នឹង​ទាល់​តែ​សោះ»
ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​យល់​ព្រម​ចូល​ទៅ​ក្នុង គ.ជ.ប អ្នកស្រី​បាន​ទទួល​ទាំង​ការ​គាំទ្រ និង​ការ​រិះគន់​ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​ត្រូវ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដោយ​សន្មត​ទុក​មុន​ថា អ្នកស្រី​នឹង​បំពេញ​ការងារ ដើម្បី​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ។
ត្រង់​នេះ​អ្នកស្រី ពុង ឈីវកេក បាន​ស្នើ​អោយ​ទាំង​អ្នក​គាំទ្រ នឹង​អ្នក​រិះ​គន់​ត្រូវ​រង់ចាំ​តាមដាន​សកម្មភាព​របស់​អ្នកស្រី៖ «មាន​ហ្វេសប៊ុក​មាន​អី​ចោទ​ខ្ញុំ​ហើយ​ថា ខ្ញុំ​ហ្នឹង​ទទួល​តួនាទី​ហ្នឹង ព្រោះ​អី​គណបក្ស​ប្រជាជន​ទិញ​ខ្ញុំ​បាន។ ខ្ញុំ​មិន​ខឹង​សម្បា​អី​​​ជាមួយ​បង​ប្អូន​ដែល​មាន​ប្រសាសន៍​អ៊ីចឹង​ទេ។ អ៊ីចឹង​ខ្ញុំ​សូម​សំណូម​ពរ​អ្នក​ដែល​​ថ្កោលទោស​ខ្ញុំ​ហ្នឹង មុន​នឹង​ខ្ញុំ​ធ្វើ​សកម្មភាព​ហ្នឹង សូម​មេត្តា​ចាំ​បន្តិច»
ភ្ជាប់​បញ្ហា​នេះ​អ្នកស្រី​រំលឹក​ថា អ្នកស្រី​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​ពាក់​កណ្ដាល​ជីវិត​របស់​អ្នកស្រី​ទៅ​ហើយ ដើម្បី​ប្រយោជន៍​ជាតិ គឺ​ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​បន្ទាប់​ពី​អ្នកស្រី និង​ក្រុម​គ្រួសារ​បាន​បង្កើត​អង្គការ​លីកាដូ។
ពាក់​ព័ន្ធ គ.ជ.ប អ្នកស្រី ពុង ឈីវកេក បាន​ទាមទារ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​អ្នកស្រី គិត​ថា នឹង​អាច​អោយ​ក្រុមការងារ​នៃ​ស្ថាប័ន​នេះ​ដំណើរការ​ដោយ​ឯករាជ្យ​ពិត​ប្រាកដ៖ «ប៉ុន្តែ​យើង​ត្រូវ​ការ​ថវិកា​ច្រើន​ដើម្បី​ធ្វើ​ការ​អោយ​បាន​ត្រឹម​ត្រូវ។ នៅ​លក្ខខណ្ឌ​ទៀត ដែល​ខ្ញុំ​ចង់​បាន​ក្រៅ​ពី គ.ជ.ប មាន​​សិទ្ធិ​ជ្រើស​រើស​បុគ្គលិក​អ្នក​ជំនាញការ​អី​ចប់ ។ល។ និង ។ល។ ហើយ​ចង់​បាន​មួយ​ទៀត គឺ​ថា​ ដើម្បី​អោយ​អ្នក​ទាំង ​៩​នាក់​ហ្នឹង​មាន​ចិត្ត​ចង់​​ធ្វើ​ការ គោរព​ច្បាប់ គោរព​អី​អោយ​បាន​ស្រួល គឺ​សុំ​មាន​អភ័យ​ឯកសិទ្ធិ ដូច​តំណាង​រាស្ត្រ។ តំណាង​រាស្រ្ត​លោក​មាន​អភ័យ​ឯកសិទ្ធិ​ដែរ»
ទោះ​យ៉ាង​ណា​ស្រី​បាន​អល់អែក​បន្តិច​ដែរ នៅ​ពេល​ចោទសួរ​ថា តើ​អ្នកស្រី​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ពេល​ណាមួយ​ដែល​អ្នកស្រី ជួប​ប្រទះ​បញ្ហា​នៃ​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ពី​អ្នក​នយោបាយ ដែល​អាច​ប៉ះពាល់​អាយុជីវិត​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ ដោយ​ប្រការ​ណា​មួយ៖ «ប្រហែល​ជា​មិន​មាន​ដល់​ទៅ​គំរាម​កំហែង​ដល់​ទៅ​អាយុ​ជីវិត​នោះ​ទេ ព្រោះ​យើង​នឹង​ធ្វើ​ការ ខ្ញុំ​ចាំ​ថា អោយ​យើង​ធ្វើ​ការ​អោយ​ត្រឹម​ត្រូវ​សិន​ទៅ​ប្រជាពលរដ្ឋ​លោក​ពេញ​ចិត្ត គឺ​អ្នក​ដែល​ចាញ់ ចាញ់​ដោយ​យុត្តិធម៌ អ្នក​ឈ្នះ ឈ្នះ​ដោយ​មាន​តម្លៃ»
អ្នក​ធ្លាប់​ធ្វើការ​អោយ​អង្គការ​លីកាដូ ជាង ១០​ឆ្នាំ មួយ​រូប លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា អ្នកស្រី ពុង ឈីវកេក គឺ​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​ក្នុង​ស្ថាប័ន និង​ការ​កៀរគរ​រក​ការ​គាំទ្រ​ពី​សហគមន៍​ខាង​ក្រៅ។ ប៉ុន្តែ​បញ្ហា​មួយ​ដែល​ត្រូវ​មជ្ឈដ្ឋាន​ខាង​ក្រៅ​រិះគន់​ជា​ញឹកញយ និង​ត្រូវ​វាយ​តម្លៃ​ថា ស្ថាប័ន​នេះ​ប្រកាន់​បក្សពួក និង​គ្រួសារ​និយម ដ្បិត​គេ​ឃើញ​ច្បាស់​ថា គឺ​កូន​ស្រី​ច្បង​របស់​អ្នកស្រី បាន​កាន់​តួនាទី​ជា​នាយិកា​អង្គការ​លីកាដូ។ លើស​ពី​នេះ​អ្នកស្រី ត្រូវ​មើល​ឃើញ​ពី​សំណាក់​បុគ្គលិក​ថា ពុំ​បាន​ធ្វើការ​បាន​ដិត​ដល់​ជា​មួយ​បុគ្គលិក ដែល​ពេល​ខ្លះ​អាច​អោយ​មាន​បញ្ហា​ចោទ​ដែរ។
យ៉ាង​ណា​ក៏​លោក វណ្ណ សូផាត ចាត់​ទុក​ថា ជា​រឿង​តូចតាច បើ​ប្រៀបធៀប​នឹង​គុណសម្បត្តិ​របស់​អ្នកស្រី៖ «គ្រាន់​ថា​ចំណុច​មួយ​ហ្នឹង​ថា ដោយ​សារ​តែ​គាត់​​ការងារ​ខាង​ក្រៅ​អី​ច្រើ​ពេក អ៊ីចឹង​គាត់​ពេល​មាន​បញ្ហា​អី​មួយ​អ៊ីចឹង គាត់​ច្រើន​តែ​ឆក​ល្វែង​ក្នុង​ការ​ក្តាប់​ព័ត៌មាន​អោយ​បាន​ជុំ ជា​ពិសេស​គឺ​បញ្ហា​បុគ្គលិក​ហ្នឹង​ឯង»
ទាក់​ទិន​នឹង​ការ​គ្រប់គ្រង​អង្គការ​លីកាដូ​នេះ​អ្នកស្រី ពុង ឈីវកេក លើក​ឡើង​ថា អ្នកស្រី តែង​គ្រប់​គ្រង​ដោយ​តម្លាភាព និង​ត្រឹម​ត្រូវ៖ «មាន​លក្ខខណ្ឌ​២ ដែល​ខ្ញុំ​មិន​ចង់​ឃើញ​នៅ​លីកាដូ។ បើ​មាន​លក្ខខណ្ឌ​២​ហ្នឹង ខ្ញុំ​អត់​អោយ​ធ្វើ​ការ​លីកាដូ គឺ​១ ទៅ​គាំទ្រ​គណបក្ស ទី​២ គឺ​ពុករលួយ។ រឿង​អី​ផ្សេង​ទៀត ដូច​ថា សមត្ថភាព​មិន​ដល់ យើង​អាច​អោយ​ទៅ​រៀន​បន្ថែម​ទៀត​អី​ណាស់»
អង្គការ​លីកាដូ បច្ចុប្បន្ន​មាន​សាខា​នៅ​ទូទាំង​១២ ខេត្ត-​រាជធានី​បំពេញ​ការងារ​ការពារ​សិទ្ធិ​មនុស្ស និង​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ កម្មវិធី​សំខាន់ៗ​របស់​អង្គការ​នេះ​រួម​មាន​កម្មវិធី​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស ប្រឹក្សា​ផ្នែក​ច្បាប់ និង​កិច្ចការពារ​ផ្នែក​ច្បាប់ ឃ្លាំមើល​ពន្ធនាគារ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​សេវាកម្ម​សង្គមកិច្ច​ជា​ដើម៕

Tagged as:
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments :

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.