7​ចំណុច​ដែល​លោក​អ្នក​ត្រូវ​ដឹង​អំពី​សមាគម​សេដ្ឋកិច្ច​អាស៊ាន

on Thursday, December 31, 2015 - No comments :

ដោយ៖ អុីវ វិចិត្រា

អាស៊ាន នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​គោលដៅ​មួយ​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) ដែល​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៣១ ធ្នូ នេះ ។ ខាងក្រោម​នេះ​គឺជា​ធាតុ​ពិត​មួយ​ចំនួន​អំពី​សមាគម​សេដ្ឋកិច្ច​អាស៊ាន ហើយ​ក៏​ជា​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ខ្លឹមសារ​សម្រាប់​ពលរដ្ឋ និង​អ្នកជំនួញ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ផង​ដែរ ដែល​ត្រូវ​យល់​ដឹង​ទាំងអស់​គ្នា។

១-​អ្វី​ទៅ​ជា​សមាគម​សេដ្ឋកិច្ច​អាស៊ាន ?
សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទិស​ដៅ​នៃ​ការ​ធ្វើ​សមាហរណកម្ម​រវាង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ផ្សេង​ៗ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា « អាស៊ាន » ឲ្យ​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​តែ​មួយ​ជាមួយនឹង​អត្រា​ប្រជាជន​ចំនួន​៦២៥​លាន​នាក់ និង​ភ្ជាប់​មក​ជាមួយ​នូវ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ស្មើនឹង​២,៥​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ។
ម្យ៉ាងទៀត AEC​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ដោយ​លក្ខណៈ​គន្លឹះ​មួយ​ចំនួន​ដូច​ជា ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ តំបន់​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំងក្លា តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​តំបន់​មួយ​ដែល​ធ្វើ​សមាហរណកម្ម​ពេញលេញ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ។
ចំណុច​សំខាន់​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​សមាជិក​អាស៊ាន រួម​មាន ៖ 
-​ការ​អភិវឌ្ឍ និង​កសាង​សមត្ថភាព​ធនធានមនុស្ស
-​ការ​ទទួលស្គាល់​នូវ​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​ចំណេះដឹង និង​ជំនាញ​ផ្សេង​ៗ
-​ការ​ប្រឹក្សា​យោបល់​កាន់តែ​ជិត​ទៅ​លើ​គោលនយោបាយ​ហិរញ្ញវត្ថុ និង​ម៉ាក្រូសេដ្ឋកិច្ច
-​វិធានការ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម
-​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កា​រត​ភ្ជាប់​ទំនាក់ទំនង
-​អភិវឌ្ឍន៍​កិច្ចការជំនួញ​ផ្នែក​គ្រឿង​អេ​ឡិច​ត្រូ​និក​តាម​រយៈ E-Asean
-​ធ្វើ​សមាហរណកម្ម​ឧស្សាហកម្ម​នៅ​ទូ​ទាំង​តំបន់ ដើម្បី​ផ្សព្វផ្សាយ​នូវ​ប្រភព​ក្នុង​តំបន់
-​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ​សម្រាប់​កសាង​សមាគម​សេដ្ឋកិច្ច​អាស៊ាន ។
និយាយ​រួម សមាគម​សេដ្ឋកិច្ច​អាស៊ាន​នឹង​កែប្រែ​សេដ្ឋកិច្ច​អាស៊ាន​បញ្ចូល​ទៅ​ក្នុង​តំបន់​តែ​មួយ ជាមួយនឹង​ការ​ចល័ត​នៃ​មុខទំនិញ​ដោយ​សេរី សេវាកម្ម ការ​វិនិយោគ ពលករ​ជំនាញ និង​លំហូរ​ចូល​នៃ​មូលធន​ដោយ​សេរី ។
២-​នរណា​នឹង​បង្កើត​សមាគម​សេដ្ឋកិច្ច​អាស៊ាន ?
សមាគម​សេដ្ឋកិច្ច​អាស៊ាន នឹង​រួម​បញ្ចូល​គ្នា​ដោយ​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​រួម​មាន ៖ កម្ពុជា ព្រុយ​ណេ ឥណ្ឌូ​ណេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម ។
សមាជិក​នីមួយ​ៗ​មាន​លក្ខណសម្បត្តិ​ទាក់ទាញ​ផ្ទាល់​របស់​ខ្លួន​រួច​មក​ហើយ​សម្រាប់​អ្នក​វិនិយោគ រួម​មាន ទម្រង់​ប្រជាធិបតេយ្យ​ដែល​អំណោយផល ធនធានធម្មជាតិ​ដែល​មាន​ច្រើន​ក្រៃ​លែង និង​កម្លាំង​ពលកម្ម​ធូរ​ថ្លៃ​ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត ។
៣-​ពេល​ណា AEC នឹង​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ ?
សមាគម​សេដ្ឋកិច្ច​អាស៊ាន​បាន​ចំណាយពេល​ជា​ច្រើន​ក្នុង​ការ​បង្កើត​ឡើង​នេះ និង​ត្រូវ​បាន​កំណត់​ឲ្យ​មាន​រូបរាង​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ នេះ ។
បណ្តា​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ព្រម​ទទួលស្គាល់ Asean Economic Blueprint ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៣ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០០៧ នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ឯកសារ​នៃ​ជំនួប​នោះ គឺ​បម្រើ​ឲ្យ​គម្រោង​មេ​សម្រាប់​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នេះ​តែ​ម្តង ។
៤-​តើ AEC នឹង​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ពិភពលោក​ដូច​ម្តេច ?
តាម​រយៈ​ការ​កែប្រែ​ធ្វើ​ឲ្យ​រីក​ចម្រើន​នៃ​អាស៊ាន​ចូល​ទៅ​ក្នុង​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ AEC នឹង​ជំរុញ​ការ​ប្រកួតប្រជែង និង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់​ទាំងមូល​។​ប្រសិនជា​វា​ត្រូវ​បាន​គេ​ប្រតិបត្តិ​នោះ AEC គួរតែ​លើកទឹកចិត្ត​នូវ​ទិន្នផល​សរុប​ទាំងអស់​៧%​នៅ​ឆ្នាំ​២០២៥ ។
AEC នឹង​ជួយ​ត​ភ្ជាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​តិចតួច​ជាមួយ​បណ្តា​ប្រទេស​ដែល​អភិវឌ្ឍន៍​ច្រើន ក្នុង​ការ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​នៅ​ទូ​ទាំង​តំបន់​។ អាស៊ាន​ទាំងមូល​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ។
អាស៊ាន គឺជា​សេដ្ឋកិច្ច​តែ​មួយ ត្រូវ​បាន​គេ​ធ្វើការ​ប៉ាន់​ប្រមាណ​ទុកជា​មុន​ថា នឹង​ក្លាយជា​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី​៤ នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០៣០ នៅ​ពីក្រោយ​តែ​សហរដ្ឋអាមេរិក និង​ចិន​តែ​ប៉ុណ្ណោះ ។
៥-​តើ AEC មាន​អត្ថន័យ​បែប​ណា​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ?
AEC ជាទី​ផ្សារ​តែ​មួយ​ដែល​រួម​បញ្ចូល​នូវ​អត្រា​ប្រជាជន​ជាង​៦០០​លាន​នាក់ ដោយ​បាន​ដុត​បញ្ឆេះ​ចំណាប់អារម្មណ៍​ក្នុង​ចំណោម​បណ្តា​វិនិយោគិន​បរទេស​នានា ។
សម្រាប់​កិច្ចការជំនួញ ឬ​ពាណិជ្ជកម្ម ទីផ្សារ​នេះ​គួរតែ​ប្រកបដោយ​ទស្សនវិស័យ​វិជ្ជមាន​។​ក្រៅពី​ការ​ទទួល​បាន​នូវ​របាំង​ពាណិជ្ជកម្ម​តិច​ជាង​មុន និង​លំហូរ​នៃ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​មុន ពួក​គេ​អាច​ដំណើរការ​ទីផ្សារ​កាន់តែ​ធំ​ថែម​ទៀត ហើយ​ក៏​រីករាយ​ជាមួយនឹង​ការ​លើកទឹកចិត្ត​ដូច​គ្នា ។
ជាមួយនឹង​ការ​លុប​បំបាត់​ពន្ធ និង​ក្រៅពី​ពន្ធ អ្នក​ប្រកប​ជំនួញ​កំពុង​ស្វែងរក​ឱកាស​នៅ​ក្នុង​តំបន់ ដែល​នឹង​អាច​ពង្រីក​កាន់តែ​ងាយស្រួល​ថែម​ទៀត ។ ខណៈ​មានការ​ធ្វើ​សមាហរណកម្ម​បន្ថើរ​ៗ​នៅ​លើ​មូលដ្ឋាន​ផលិតកម្ម សហគ្រាស​ខ្នាត​តូច និង​មធ្យម​នឹង​ឈរ​ក្នុង​តំណែង​កាន់តែ​ប្រសើរ​ជាង​មុន​នៃ​ការ​ពង្រីក​ខ្លួន​ក្នុង​តំបន់ និង​បន្ទាប់​មក គឺ​ពិភពលោក ។
៦-​តើ AEC មាន​អត្ថន័យ​បែប​ណា​ចំពោះ​វិស័យ​ឯកជន ?
AEC គួរតែ​បង្កើត​បាន​នូវ​ការងារ​ថ្មី​ក្នុង​រង្វង់​១៤​លាន​នាក់​នៅ​ឆ្នាំ​២០២៥ មាន​ន័យ​ថា​មាន​កាលានុវត្តភាព​កាន់តែ​ច្រើន​នៅ​ក្នុង​ការដ្ឋាន​ឬ​កន្លែង​ប្រកបការងារ​សាជីវកម្ម នេះ​មាន​ន័យ​ថា ការ​ប្រកួតប្រជែង​នឹង​កើនឡើង​ផង​ដែរ ។
បណ្តា​អ្នក​ឃ្លាំមើល​ទីផ្សារ​ដូច​ជា ក្រុមហ៊ុន CBRE បាន​ថ្លែង​ថា AEC គួរតែ​ពង្រីក​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ផ្នែក​ឧស្សាហកម្ម ព្រមទាំង​ទីធ្លា​ការិយាល័យ​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​ច្រើន​បំផុត ក៏​ដូច​ជា​បង្កើន​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កាន់តែ​ច្រើន និង​សាជីវកម្ម​ពហុ​ជាតិ​ក្នុង​ការ​បង្កើត​ហាង​លក់​ក្នុង​តំបន់ ។
៧-​តើ​អ្វី​ដែល​ជា​ភាព​រីក​ចម្រើន​រុងរឿង​ចំពោះ AEC រហូត​មក​ដល់​ពេល​នេះ ?
ខណៈ​ពេល​ដែល AEC បាន​បង្កើត​ឡើង​នូវ​វឌ្ឍនភាព​ក្នុង​តំបន់​ពិតប្រាកដ មន្ត្រី​ផ្លូវការ​រដ្ឋាភិបាល និង​អ្នក​ឃ្លាំមើល​ទីផ្សារ​បាន​កត់​សម្គាល់ថា ផ្លូវ​ឆ្ពោះទៅ​មុខ​នៃ​ការ​ធ្វើ​សមាហរណកម្ម​ពេញលេញ​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នៅ​តែ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រកួតប្រជែង ។
ពន្ធ​លើ​ការ​នាំ​ចេញ​នៃ​ផលិតផល​ដើម​អាស៊ាន​រវាង​បណ្តា​រដ្ឋ​សមាជិក​ត្រូវ​បាន​ផ្លាស់​ទម្រង់​ថ្មី​រួច​មក​ហើយ ប៉ុន្តែ​ការ​វិនិយោគ​របស់​អ្នកជំនួញ​ទៅ​តាម​តំបន់​ព្រំដែន​នៅ​តែ​បន្ត​ប្រឈម​នឹង​បញ្ហា​ក្រៅពី​ពន្ធ ដូច​ជា ភាព​ស្មុគស្មាញ​នៃ​អាជ្ញាប័ណ្ណ​និង​តម្រូវការ​នៃ​ការ​ទទួល​បាន​ដីធ្លី ជាដើម ។
ជាង​នេះ​ទៀត ក៏​នៅ​មាន​សារសំខាន់​ចំពោះ​របាំង​ឧបសគ្គ​ជា​ច្រើន​ក្នុង​លំហូរ​ចូល​នៃ​ផ្នែក​សេវាកម្ម​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា ដែល​ប្រឈម​នឹង​ការ​រឹត​បន្តឹង​នៃ​សិទ្ធិ​ទទួល​បាន​ភាគលាភ​ស្មើគ្នា​របស់​ជនបរទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​អាស៊ាន ។
គោលនយោបាយ​ពាណិជ្ជកម្ម សេវាកម្ម​ក្នុង​តំបន់​អាស៊ាន គឺ​មានការ​រឹត​បន្តឹង​ជាង​តំបន់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ក្រៅពី​តំបន់​ឈូង​សមុទ្រ Persian ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ខែមេសា ឆ្នាំ​២០១៥ ។
ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម​សម្រាប់​ពលករ​ជំនាញ គឺជា​បញ្ហា​មួយ​ផ្សេង​ៗ​ទៀត
នៅ​ចន្លោះ​ឆ្នាំ​២០០៥ និង​២០១២ បណ្តា​ប្រទេស​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នៃ​ការ​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក (MRAs) ក្នុង​វិស័យ​៦ ដូច​ជា វិស្វកម្ម គិលានុបដ្ឋាន ស្ថាបត្យកម្ម ឱសថ វិជ្ជា​ទន្តពេទ្យ និង​ទេសចរណ៍ ក៏​ដូច​ជា​ការ​រៀបចំ​គម្រោង​លើ MRAs ក្នុង​ការ​ស្ទាបស្ទង់ និង​ធ្វើ​បញ្ជី​ដើម្បី​ជួយ​សម្រួល​ដល់​ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម​តាម​ព្រំដែន ។ ការ​រៀបចំ​ទាំងនោះ​អនុញ្ញាត​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​ទទួលស្គាល់​ការ​អប់រំ និង​បទ​ពិសោធន៍ ការ​ផ្តល់​អាជ្ញាប័ណ្ណ និង​វិញ្ញាបនបត្រ​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ដទៃ ។
ប៉ុន្តែ​ការ​ប្រតិបត្តិ​នៅ​ក្នុង​ចំណុច​នេះ​មាន​កម្រិត​យឺត​ដោយសារ​តែ​ការ​អនុវត្ត ការ​ចុះបញ្ជី​ជាតិ​ដែល​មាន​ស្រាប់ និង​ការ​ធ្វើ​និយ័ត​កម្ម​ដែល​ផ្ទុយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​តំបន់​នោ​ក្នុង​ផ្នែក​ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម និង​ការ​បង្ខូច​ទឹកចិត្ត​លើ​ការ​បំ​លាស់​ទី​តាម​វិជ្ជាជីវៈ​ឆ្លងកាត់​ព្រំដែន ៕
ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព
- See more at: http://kohsantepheapdaily.com.kh/article/136958.html#sthash.PgP646b2.dpuf

Tagged as:
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments :

What they says

Please leave us with some of your comments. Thank for willing to help us to improve our weakness.