រដ្ឋាភិបាល(ក្រសួងមហាផ្ទៃ)គ្រោងនឹងបង្កើតខេត្តចំនួន២ទៀត ដែលត្រូវបានស្នើរដោយក្រសួងមហាផ្ទៃ
ប្រភពព័ត័មាន៖ https://vodhotnews.com/2018/08/31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាយល់ព្រមឲ្យមានការសិក្សាដើម្បីបង្កើតខេត្តថ្មីចំនួនពីរ តាមសំណើររបស់ក្រសួងមហាផ្ទៃដែលចង់បំបែកឲ្យមានខេត្តថ្មីពីភូមិសាស្ត្រខេត្តកណ្តាល និង ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃដែលវីអូឌីទទួលបាននៅថ្ងៃនេះ បញ្ជាក់ថាសំណើរសុំបង្កើតខេត្តថ្មីនេះ ដើម្បីជួយលើកម្ពស់ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងងាយស្រួលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។
លិខិតរបស់ក្រសួងមហាផ្ទៃដដែល ស្នើទៅរដ្ឋាភិបាលរៀបចំបង្កើតខេត្តថ្មីឲ្យចប់សព្វគ្រប់ នៅខែមករា ឆ្នាំ២០១៩ ដើម្បីទុកពេលវេលាសមស្របងាយស្រួលឲ្យរដ្ឋាភិបាលកំណត់ចំនួនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលតាមអាណត្តិកំណត់ក្នុងច្បាប់ គឺអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាលត្រូវទំលាក់ថវិកាជាតិឲ្យបានច្រើនដល់ស្រុក ឃុំ សង្កាត់ ជាជាងបង្កើតខេត្តថ្មីបន្ថែមទៀត ធ្វើឲ្យខ្ចះខ្ជាយថវិកាជាតិ។
រឿងការបង្កើតខេត្តថ្មី ត្រូវចំណាយថវិការច្រើន។ ហើយទិដ្ឋភាពបច្ចុប្បន្ននេះ ខ្ញុំគិតថាកាត់បន្ថយការចំណាយទៅអ្វីមិនចាំបាច់គឺជារឿងល្អបំផុតសម្រាប់កម្ពុជា ព្រោះយើងចង់ឃើញការយកថវិកាជាតិទៅពង្រឹងអ្វីដែលមានស្រាប់។ បើឃុំនិងស្រុករឹងមាំ គឺមានភាពសកម្ម មានធនធានគ្រប់គ្រាន់ មានមធ្យោបាយគ្រប់គ្រាន់[...]ការផ្តល់ សេវា នៅ មូលដ្ឋានលែងជាការបារម្ភ
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ
បច្ចុប្បន្ននេះ កម្ពុជាមានរាជធានី/ខេត្តសរុបចំនួន២៥ នៅទូទាំងប្រទេស។ កាលពីចុងខែធ្នូឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតខេត្តត្បូងឃ្មុំដែលត្រូវបានបំបែកចេញពីភូមិសាស្រ្តខេត្តកំពង់ចាម៕
CCIM/VOD
រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
0 comments :