រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខា ដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ចៃ បានឲ្យដឹង ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ តទៅសម្រាប់ការធ្វើ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ទាំងការធ្វើថ្មី និងការធ្វើឡើងវិញ ត្រូវបង់ថ្លៃ ១ម៉ឺន រៀល។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានឲ្យដឹងផងដែរថា ការកំណត់យកថ្លៃធ្វើអត្តសញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយគាំទ្រ និងធានានិរន្តរភាព ដល់ដំណើរការងារ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ តាមរយៈ ការចូលរួម ពីសំណាក់ ប្រជាពលរដ្ឋ ខ្មែរ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ត កាតព្វកិច្ចជាពលរដ្ឋខ្មែរ ដែលជាគុណ ប្រយោជន៍ ដល់ថវិកាជាតិ។តាមសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃដដែល បានលើកឡើងថា ការយកថ្លៃលើ ធ្វើអត្តសញ្ញាណប័ណ្ណ១ម៉ឺនរៀលនេះ ដើម្បីជួយ សម្រាលបន្ទុក របស់រដ្ឋ ក្នុងការចំណាយ ថវិកាជាតិ សម្រាប់ កិច្ចដំណើរ ការងារ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលកន្លងមក រាល់ការចំណាយទាំងអស់ ជាបន្ទុុក របស់រដ្ឋ។
ជាមួយសេចក្តីជូនដំណឹងនេះដែរក្រសួងមហាផ្ទៃ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង និង ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពល ភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បី ធានាបាន សិទ្ធិសេរីភាព និងផលប្រយោជន៍ ស្របច្បាប់ ក្នុងការបំពេញ ទម្រង់បែបបទនានា ទៅតាមច្បាប់កំណត់៕