ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី​បង្ហាញ​ថា​ប្រទេស​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់

on Wednesday, June 11, 2014 - No comments :


អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព

    កែម ឡី ឡៅ ម៉ុងហៃ ៦១០
    លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ (ឆ្វេង) និង​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​៧ មេសា ឆ្នាំ​២០១៤។

    អ្នក​វិភាគ​សង្គម​ចាត់​ទុក​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន ដែល​ថា ប្រសិនបើ​លោក​ស្លាប់​ទៅ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ក្នុង​ប្រទេស​នឹង​មាន​ភាព​ចលាចល​នោះ ថា​ជា​ការ​គំរាម​មួយ​ដែល​អាច​រុញ​ច្រាន​ឲ្យ​មាន​អស្ថិរភាព​នយោបាយ។

    ទោះ​បី​យ៉ាង​ណា​ក្តី ក្រុម​នេះ​និយាយ​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​អវត្តមាន​ជា​អចិន្ត្រៃយ៍​មែន​នោះ រដ្ឋ​សភា​ត្រូវ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ស្រប​តាម​គោលការណ៍​ច្បាប់។
    ក្រុម​អ្នក​ឃ្លាំមើល​អំពី​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពោល​គំរាម​យ៉ាង​ដូច្នេះ គឺ​ជា​ការ​បង្ហាញ​ថា ស្ថានភាព​ប្រទេស​ជាតិ​ពេល​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះ​ថា្នក់ និង​ផុយ​ស្រួយ​ជា​ទីបំផុត។
    ​អ្នក​វិភាគ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី អះអាង​ថា ប្រសិន​បើ​ការ​កសាង​ប្រទេស​មួយ​ក្នុង​រយៈពេល​ពី ២០ ទៅ ៣០​ឆ្នាំ​មក​នេះ ដោយ​ពឹង​ផ្អែក​លើ​មនុស្ស​តែ​ម្នាក់ វា​ជា​ការ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ភាព​ទន់​ខ្សោយ​នៃ​បញ្ញវន្ត និង​អ្នក​នយោបាយ​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង ១៥​លាន​នាក់​ផ្អែក​លើ​ការ​ដឹកនាំ​របស់​មនុស្ស​តែ​ម្នាក់។
    លោក ហ៊ុន សែន បាន​ឆ្លៀត​យក​វេទិកា​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ជន​ពិការ​នៅ​តំបន់​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ថ្លែង​គំរាម​ធ្ងន់ៗ ទៅ​លើ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ថា ប្រសិនបើ​លោក​ស្លាប់​មែន នោះ​ប្រទេស​នឹង​ជួប​ភាព​វឹកវរ ហើយ​ជីវិត​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏​អាច​ជួប​ភាព​អន្តរាយ​ដូចគ្នា។
    លោក ហ៊ុន សែន បន្ត​ថា កម្ពុជា​មាន​តែ​មនុស្ស​ម្នាក់​គត់​ដែល​អាច​បញ្ជា និង​អាច​គ្រប់គ្រង​រាល់​កំលាំង​សមត្ថកិច្ច​ទាំង​អស់។
    ទោះ​បី​ជា​មាន​ការ​គំរាម​បែប​នេះ​ក៏ដោយ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​មិន​ខ្លាច និង​មិន​ខ្វល់​ចំពោះ​សម្តី​របស់​លោក ហ៊ុន សែន ឡើយ ហើយ​ថា សម្តី​របស់​លោក ហ៊ុន សែន ជា​សម្តី​អត់​បាន​ការ។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ក្រុម​វិនិយោគ​ទុន​អាច​មាន​ការ​ភិតភ័យ​ចំពោះ​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​របស់​គេ​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា។
    ​ទាក់ទង​ពី​រចនាសម្ព័ន្ធ​ការងារ​គ្រប់គ្រង​ប្រទេស​វិញ លោក ហ៊ុន សែន អះអាង​ថា ប្រសិនបើ​លោក​អស់​ជីវិត​មែន​នោះ គណៈរដ្ឋមន្ត្រី​ទាំង​មូល​ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ក៏​ត្រូវ​រលាយ​ទៅ​តាម​នោះ​ដែរ។
    ត្រង់​ប្រការ​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ផ្ទុយ​ពី​លោក ហ៊ុន សែន ទៅ​វិញ​ថា ប្រសិន​នាយក​រដ្ឋមន្ត្រី​ស្លាប់​នោះ រដ្ឋ​សភា​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី ហើយ​មាន​ការ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ដើម្បី​ដឹកនាំ​គណៈរដ្ឋមន្ត្រី។
    ជំពូក​ទី​៨ មាត្រា​១០៦ នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ចែង​ថា បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ តែ​បើ​ការ​ទំនេរ​នេះ ជា​ការ​ទំនេរ​មួយ​គ្រា​ទេ ត្រូវ​ចាត់​តាំង​នាយករដ្ឋមន្ត្រី​ស្ដីទី​ជា​បណ្តោះអាសន្ន។
    ​ចំណែក​មាត្រា ១០០ ចែង​ថា តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋ​សភា ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វីរជន​មួយ​រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឲ្យ​បង្កើត​រដ្ឋាភិបាល។ វីរជន​ដែល​ត្រូវ​បាន​ចាត់​តាំង​នេះ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ ឬ​ជា​សមាជិក​គណបក្ស​តំណាង​ក្នុង​រដ្ឋ​សភា​ឲ្យ​កាន់​តំណែង​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល​នោះ ត្រូវ​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋ​សភា។  កាល​បើ​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ហើយ​នោះ ព្រះមហាត្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំង​មូល។
    ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា កម្ពុជា​នឹង​មិន​អាច​មាន​សង្គ្រាម​ក្នុង​ស្រុក ឬ​ភាព​វឹកវរ​បាន​ទេ ប្រសិនបើ​ការ​ដឹកនាំ​ប្រទេស​ផ្អែក​លើ​យន្តការ និង​ច្បាប់​ដែល​មាន​ជា​ធរមាន៕

    Tagged as:
    Unknown About Unknown

    Write admin description here..

    Get Updates

    Subscribe to our e-mail newsletter to receive updates.

    Share This Post

    Related posts

    0 comments :

    What they says

    Please leave us with some of your comments. Thank for willing to help us to improve our weakness.