ដោយ វណ្ណ វិចារ
រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញដើម្បីអនុម័តជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំជាថ្មីនៅថ្ងៃទី២៦ ខែសីហា។ នេះជាប្រវត្តិសាស្ត្រថ្មីនៃរដ្ឋសភាកម្ពុជាហើយ ដែលមានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងកាន់ការជាអនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការជំនាញ ៥ផ្សេងទៀត។ តើតំណាងរាស្ត្រគណបក្សប្រឆាំងទាំង ៥៥រូបអាចនឹងមានលទ្ធភាពធ្វើអ្វីបានខ្លះ?
លទ្ធភាពក្នុងការផ្គាប់ចិត្តរាស្ត្ររបស់តំណាងរាស្ត្របក្សប្រឆាំងទាំង ៥៥រូប គឺអាស្រ័យនៅលើសមត្ថភាពបំពេញការងាររបស់អ្នកទាំងនោះ។ អ្នកទាំងនោះអាចបំពេញការងារតាមបទបញ្ជាផ្ទៃក្នុងសភាតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការងារដំបូងបំផុតរបស់គណបក្សប្រឆាំងបន្ទាប់ពីកាន់ការជាអនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការជំនាញរដ្ឋសភានោះ ជាការពង្រឹងសមត្ថភាពអ្នកតំណាងរាស្ត្ររបស់ខ្លួន។
លទ្ធភាពក្នុងការផ្គាប់ចិត្តរាស្ត្ររបស់តំណាងរាស្ត្របក្សប្រឆាំងទាំង ៥៥រូប គឺអាស្រ័យនៅលើសមត្ថភាពបំពេញការងាររបស់អ្នកទាំងនោះ។ អ្នកទាំងនោះអាចបំពេញការងារតាមបទបញ្ជាផ្ទៃក្នុងសភាតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការងារដំបូងបំផុតរបស់គណបក្សប្រឆាំងបន្ទាប់ពីកាន់ការជាអនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការជំនាញរដ្ឋសភានោះ ជាការពង្រឹងសមត្ថភាពអ្នកតំណាងរាស្ត្ររបស់ខ្លួន។
លោកបន្តថា តាមគណៈកម្មការជំនាញនីមួយៗអ្នកតំណាងរាស្ត្រជាសមាជិកទាំងអស់ត្រូវពិនិត្យមើលចំណុចអសកម្ម បន្ទាប់មកត្រូវកោះហៅរដ្ឋមន្ត្រីពាក់ព័ន្ធមកស្រាយបំភ្លឺក្នុងរដ្ឋសភាឲ្យបានជាប្រចាំ៖ «តំណាងរាស្ត្រទាំង ៥៥រូបសឹងតែមួយចំហៀងរដ្ឋសភាហើយ មានទម្ងន់ជាងពេលណាៗទាំងអស់ ជាឱកាសមួយដែលគណបក្សសង្គ្រោះជាតិ អាចបង្ហាញសមត្ថភាពរបស់ខ្លួនថា នឹងដឹកនាំប្រទេសបាន មានក្រុមនិងយន្តការផ្សេងៗ ហើយយល់ដឹងកិច្ចការទាំងឡាយ ទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ»។
គណបក្សសង្គ្រោះជាតិ នឹងកាន់តួនាទីជាប្រធានគណៈកម្មការជំនាញរដ្ឋសភាចំនួន៥ ដែលមានអំណាចឃ្លាំមើលដំណើរការអនុវត្តការងាររបស់ក្រសួងស្ថាប័នរដ្ឋពាក់កណ្ដាល។ ប៉ុន្តែគណបក្សនេះនឹងបានក្ដោបក្ដាប់អំណាចជាប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ ដែលអាចឃ្លាំមើល និងកោះហៅមន្ត្រីរាជរដ្ឋាភិបាលគ្រប់ក្រសួងស្ថាប័នដែលសង្ស័យថា ប្រព្រឹត្តអំពើពុករលួយ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ទៅបំភ្លឺក្នុងរដ្ឋសភាទៀតផង។
តាមគម្រោង វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបង្ហាញថា បទបញ្ជាផ្ទៃក្នុងថ្មីនេះនឹងដាក់កំហិតឲ្យរដ្ឋមន្ត្រីទាំងឡាយត្រូវឡើងមកឆ្លើយសំណួរគ្រប់ពេលដែលគណៈកម្មការជំនាញសួរ។ ប៉ុន្តែចម្លើយនៃសំណួរទាំងអស់ ត្រូវបានដាក់កំហិតឲ្យឆ្លើយជាលាយលក្ខណ៍អក្សរ និងឆ្លើយដោយផ្ទាល់មាត់ ប៉ុន្តែសិទ្ធិសម្រេចថា ឲ្យឆ្លើយ ឬមិនឆ្លើយ សិទ្ធិជារបស់ប្រធានរដ្ឋសភា។
នៅពេលដែលប្រធានរដ្ឋសភាមិននៅ អនុប្រធានទី១រដ្ឋសភា នឹងកាន់តួនាទីជាប្រធានស្តីទីរដ្ឋសភា។ និយាយឲ្យស្រួលស្ដាប់ បើលោក ហេង សំរិន មិននៅក្នុងប្រទេស ឬមានធុរៈចាំបាច់ លោក កឹម សុខា នឹងកាន់ការជាប្រធានស្ដីទីរដ្ឋសភាតែម្ដង។ ហេតុនេះបើគណៈកម្មការជំនាញរដ្ឋសភាកោះហៅ លោក ហ៊ុន សែន មកសួរ ហើយលោក ហ៊ុន សែន ចូលបំភ្លឺមែននោះ លោក កឹម សុខា អាចបង្គាប់ឲ្យនាយករដ្ឋមន្ត្រីឆ្លើយសំណួរផ្ទាល់មាត់បាន មិនចាំបាច់បិទមេក្រូរបស់អ្នកតំណាងរាស្ត្រដូចកាលពីលើកមុនឡើយ។
លោក ឡៅ ម៉ុងហៃ ពន្យល់ថា អ្នកតំណាងរាស្ត្របក្សប្រឆាំងមានពេល ៦ខែក្នុង១ឆ្នាំក្នុងការបំពេញការងារនៅថ្នាក់មូលដ្ឋាន។ ដូច្នេះហើយ តំណាងរាស្ត្រទាំងអស់អាចធ្វើឲ្យការិយាល័យអ្នកតំណាងរាស្ត្រនៅតាមខេត្តរស់ឡើងវិញជាថ្មី ខណៈដែលបច្ចុប្បន្នការិយាល័យទាំងនោះត្រូវគេទុកឲ្យស្មៅដុះមិនសូវមានមនុស្សធ្វើការ។
លោកបញ្ជាក់ថា តំណាងរាស្ត្រទាំងអស់អាចយករបាយការណ៍ដែលខ្លួនប្រមូលបានជាដើមទុនសម្រាប់កោះហៅមន្ត្រីឲ្យបំភ្លឺ ឬក៏អាចចែកចាយរបាយការណ៍នេះឲ្យសារព័ត៌មានផ្សាយបន្តដើម្បីជំរុញឲ្យមានការចូលរួមដោះស្រាយបញ្ហាជាតិ៖ «យកតែរឿង១ទេ ដូចជាទំហំករណីនិងទំនាស់ដីធ្លី ដូចជាបឹងកក់ ១អាទិត្យ បុរីកីឡា ១អាទិត្យ ហើយវាមានទិន្នន័យ មានព័ត៌មានស្រាប់ៗ។ ពេលខ្លះរដ្ឋាភិបាលពិបាកឆ្លើយណាស់។ វាខុសច្បាប់ច្រើនណាស់ ដូចជាច្បាប់វិនិយោគអ៊ីចឹង ត្រូវមានព្រះរាជក្រឹត្យ ស្រាប់តែចេញអនុក្រឹត្យគ្របពីលើ វាយ៉ាប់ស្មុគស្មាញណាស់!»។
រដ្ឋធម្មនុញ្ញមាត្រា៩៨ ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល។ ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន ៣០នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាគ្នាបាន។
មាត្រា៩៨ នេះបានបើកផ្លូវឲ្យសមាជិកសភាទាំង ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ អាចធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាលដាក់ទៅក្នុងអង្គប្រជុំសភាឲ្យពិនិត្យនិងសម្រេច ប៉ុន្តែបក្សប្រឆាំងត្រូវមានសិល្បៈលួងលោមអ្នកតំណាងរាស្ត្របក្សកាន់អំណាចឲ្យបានយ៉ាងតិច ៧រូបទៀត ឲ្យបោះឆ្នោតគាំទ្រខ្លួន ទើបញត្តិនេះអាចអនុម័តទៅបាន។
ទោះជាបែបណាក្តី បក្សប្រឆាំងនឹងពិបាករកសំឡេងគាំទ្រពីតំណាងរាស្ត្របក្សកាន់អំណាចណាស់ ព្រោះថា បទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រូវឲ្យអ្នកតំណាងរាស្ត្របោះឆ្នោតអនុម័តច្បាប់ទាំងឡាយដោយការលើកដៃ មិនមែនបោះឆ្នោតសម្ងាត់ឡើយ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា លើកឡើងថា គណបក្សសង្គ្រោះជាតិ អាចមានលទ្ធភាពច្រើនក្នុងការផ្គាប់ចិត្តរាស្ត្រ ទាំងយន្តការច្បាប់និងនយោបាយ។ គណបក្សនេះអាចសម្រេចមហិច្ឆតាកែទម្រង់ការបោះឆ្នោតតាមរយៈកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ហើយរឿងបន្ទាប់អាចដោះស្រាយបញ្ហាកំណែទម្រង់ដីធ្លីនិងបញ្ហាអន្តោប្រវេសន៍ជាដើម។
លោកគិតថា គណបក្សប្រជាជនកម្ពុជា ក៏នឹងព្រងើយកន្តើយដែរ ព្រោះតែកាលៈទេសៈនយោបាយកំពុងតែប្រកួតប្រជែង៖ «កម្លាំងនយោបាយអាចប្រកួតប្រជែងគ្នាក្នុងកម្រិតប្រហាក់ប្រហែលគ្នា។ គណបក្សនីមួយៗកំពុងតែរកយុទ្ធវិធីយ៉ាងម៉េចដើម្បីបញ្ចេញស្នាដៃយកប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ»។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានសន្យាចំពោះរាស្ត្រទូទាំងប្រទេសថា នឹងយកយន្តការសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិ។ បញ្ហាទាំងនោះរួមមាន ការរំលោភបំពានដីធ្លី អំពើពុករលួយ អន្តោប្រវេសន៍ខុសច្បាប់ ពិសេសជនជាតិវៀតណាម ជាដើម។ ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏ប្រកាសកែទម្រង់ស៊ីជម្រៅដែរ លោកបញ្ជាក់ថា បើមិនកែទម្រង់គណបក្សប្រជាជនកម្ពុជា នឹងស្លាប់។
បន្ទាប់ពីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋសភារួចរាល់ គណបក្សសង្គ្រោះជាតិនឹងបន្តចរចាជាមួយបក្សកាន់អំណាចក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយគណបក្សប្រឆាំងក៏គ្រោងនឹងកោះហៅរដ្ឋមន្ត្រីតាមក្រសួងនានាមកបំភ្លឺក្នុងរដ្ឋសភាដែរ។ រដ្ឋសភាកម្ពុជា ក៏ប្រែមុខមាត់ពីទីដែលអ្នកតំណាងរាស្ត្រសរសើរនាយករដ្ឋមន្ត្រីដូចឆ្នាំកន្លងទៅ ទៅជាសមរភូមិពាក្យសម្ដីរវាងអ្នកនយោបាយទាំងពីរបក្សវិញម្ដង៕
0 comments :